ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​ ពិភពលោក​បាន​និង​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ ព្រោះ​របត់​នៃ​បច្ចេកវិទ្យា និង​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​នៃ​ប្រទេស​អភិវឌ្ឍន៍​នានា​ដែល​ធ្វើ​ឱ្យ​តម្រូវការ​ជំនាញ​ចាំបាច់​ត្រូវតែ​ធ្វើការ​ផ្លាស់​ប្តូរ​។ បច្ចុប្បន្ន​នេះ​មាន​ជំនាញ​ខ្លះ​សិស្ស​រៀន​មិនទាន់​ចប់​ស្រួលបួល​ផង​ ពិភពលោក​ក៏​ទៅ​ហួស​បាត់​ ដែល​ធ្វើ​ឱ្យ​ការងារ​នោះ​បាត់បង់​តម្លៃ​ ហើយ​សិស្ស​ និស្សិត​ត្រូវ​រត​តាម​ជំ​នាញ​ថ្មី​ៗដែល​ធ្វើ​ឱ្យ​ពួកគេ​ចំណាយពេល​វេលា​ច្រើន​ក្នុង​ដំណើរ​ជីវិត​ដើម្បី​ស្វែងរក​ភាព​រីកចម្រើន​ក្នុង​អាជីព​ការងារ​ និង​កា​រប្រ​កួត​ប្រ​ជែង​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ក្នុង​កម្មវិធី​ធ្វើ​បទ​បង្ហាញ​ពី​កម្មវិធី​របស់​សាលារៀន​ Leaderland​ English​ Academy​ ថា​ ពិភពលោក​បច្ចុប្បន្ន​នេះ​មាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ ដែល​បច្ចេកវិទ្យា​កាន់តែ​វិវឌ្ឍ​លឿន​ មនុស្ស​កាន់តែ​ត្រូវការ​ចំណេះដឹង​ខ្ពស់​ ហើយ​លើស​ពីនេះ​ទៅទៀត​ ក៏​ត្រូវការ​ផង​ដែរ​នូវ​ជំ​នាញ​ថ្មី​ៗដើម្បី​ឱ្យ​ទាន់​បម្រែបម្រួល​ទាំងអស់​នេះ​។ របត់​នៃ​តម្រូវការ​ពិភពលោក​អាច​នឹង​ធ្វើ​ឱ្យ​ជំ​នា​ញចាស់​ៗមួយចំនួន​ត្រូវ​បាត់បង់​តម្លៃ​ដោយសារតែ​វិធីសាស្ត្រ​នៃ​ការ​ធ្វើ​ការងារ​ត្រូវ​ផ្លាស់​ប្តូរ​ ហេតុនេះ​ជំនាញ​ខ្លះ​ទម្រាំ​សិស្ស​រៀនចប់​ ពិភពលោក​ក៏​លែង​ត្រូវការ​ចំណេះដឹង​ទាំងអស់​នោះ​បាត់​ទៅ​ហើយ​។ ទោះជា​យ៉ាងនេះ​ក្តី​ ប្រសិន​បើ​យុវជន​ចេះ​ជំនាញ​សំ​ខាន់​ៗមួយចំនួន​ដែល​ស្រប​នឹង​របត់​នៃ​សតវត្សរ៍​ទី21នេះ​ ទោះបី​ពិភពលោក​មាន​ភាព​ប្រែប្រួល​ដល់ណា​ក៏​គាត់​នៅតែ​អាច​ឈរជើង​ក្នុង​ទីផ្សារ​ការងារ​ និង​មានតម្លៃ​សម្រាប់​គ្រប់​សម័យកាល​បាន​ទាំងអស់​។

 

លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “ជំនាញ​ភាសា​ ភាពជា​អ្នកដឹកនាំ​ សហគ្រិនភាព​ និង​បច្ចេកវិទ្យា​ ជា​ជំនាញ​ដែល​ពិភពលោក​ត្រូវការ​ និង​រក្សា​បាន​សារៈសំខាន់​ជាប់​ជានិច្ច​ បើ​ទោះបីជា​ពិភពលោក​ប្រែប្រួល​ដល់​ណាក៏ដោយ​”។

ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​បាន​បង្ហាញ​ហេតុផល​ផង​ដែរ​ថា​ នៅ​ថ្ងៃ​អនាគត​ពិភពលោក​នឹង​កាន់តែ​ខិត​ជិត​គ្នា​ ហើយ​ចរន្ត​នៃ​លំហូរ​ប្រជាជន​កាន់តែ​ទូលំ​ទូ​លាយ​ទៅៗ​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​កាន់តែ​មាន​សេរីភាព​ក្នុង​ការ​ធ្វើការងារ​ ឬរកស៊ី​នៅ​គ្រប់​ទីកន្លែង​។ ហេតុ​នេះ​ប្រសិនបើ​យុវជន​ចេះ​ជំនាញ​ភាសា​ច្បាស់លាស់​ នោះ​គាត់​នឹងអាច​ងាយស្រួល​ក្នុង​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ ដោយ​គាត់​អាច​ទៅ​ធ្វើការងារ​ ឬទាញ​យក​ឱកាស​ការងារ​យ៉ាង​ទូលំទូលាយ​លើ​ពិភពលោក​ មិន​មែន​រង់ចាំ​តែ​ឱកាស​ការងារ​ក្នុង​ស្រុក​នោះ​ទេ​។ ម្យ៉ាងវិញទៀត​ សម្រាប់​ការ​ធ្វើអាជីវកម្ម​ក៏​ដូចគ្នា​ដែរ​ ភាសា​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទំនាក់ទំនង​ និង​ជា​ឈ្នាន់​សម្រាប់​ការ​តភ្ជាប់​អាជីវកម្ម​ រួម​ទាំង​ស្រាវជ្រាវ​ឱ្យ​ដឹងពី​ប្រភព​ចំណេះដឹង​សំ​ខាន់​ៗសម្រាប់​អភិវឌ្ឍន៍​។ ហេតុ​នេះ​ប្រសិនបើ​មិន​មានចំណេះ​ដឹង​ភាសា​សកល​ច្បាស់លាស់​ទេ​ យុវជន​ជំនាន់​ថ្មី​នឹង​ជួប​ផល​លំបាក​ជា​ខ្លាំង​លើ​គ្រប់​ផ្នែក​ទាំងអស់​ មិនថា​ការរស់នៅ​ ការ​ធ្វើការងារ​ ឬការ​ធ្វើអាជីវកម្ម​នោះ​ទេ​។

បន្ថែម​ពីលើ​នេះ​ជំនាញ​ភាពជា​អ្នកដឹកនាំ​ក៏​ជា​ជំនាញ​មួយ​សំខាន់​ដែរ​ ដែល​មនុស្ស​មិន​អាច​ខ្វះ​បាន​ ព្រោះ​បន្តិចទៀត​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នឹង​ធ្វើការងារ​ជំនួស​មនុស្ស​ ដែល​ធ្វើ​ឱ្យ​អាជីព​ការងារ​ជាច្រើន​អាច​នឹង​បាត់បង់​។ តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ ជំនាញ​ភាព​ជា​អ្នកដឹកនាំ​នៅតែ​សំខាន់​គ្រប់​សម័យកាល​ ព្រោះ​ម៉ាស៊ីន​មិន​អាច​មាន​ភាពជា​អ្នកដឹកនាំ​បានទេ​ ហើយ​ម៉ាស៊ីន​ក៏​គ្មាន​ភាព​បត់បែន​ក្នុង​ការដឹកនាំ​ដូច​មនុស្ស​ដែរ​។ ការដែល​យុវជន​មាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់​ មិនថា​តែ​នៅពេលអនាគត​នោះ​ទេ​ សូម្បីតែ​បច្ចុប្បន្ន​ក៏​គ្រប់​គ្រឹះស្ថាន​ និង​ស្ថាប័ន​ទាំងអស់​ ទាំង​រដ្ឋ​ និង​ឯកជន​ ក៏​សុទ្ធតែ​ត្រូវការ​មនុស្ស​ប្រភេទ​នេះ​ដែរ​ ព្រោះ​មនុស្ស​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់​អាច​ធ្វើការងារ​មានប្រសិទ្ធភាព​ខ្ពស់​បំផុត​។

ចំណែក​ឯជំនាញ​សហគ្រិនភាព​វិញ​ លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​បញ្ជាក់​ថា​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​បរិបទ​អនាគត​ និង​ជាពិសេស​សម្រាប់​ប្រជាជន​ខ្មែរយើង​ ព្រោះ​សហគ្រិនភាព​អាច​ជួយ​ដល់​យុវជន​ខ្លួនឯង​ផ្ទាល់​ឱ្យ​បង្កើត​បាន​នូវ​ផលិតផល​ ឬសេវាកម្ម​ប្រកបដោយ​មោទនភាព​ផង​ និង​អាច​ជួយ​ដល់​សង្គម​ រួម​ទាំង​ប្រជាជន​ជាច្រើន​ផ្សេងទៀត​ផង​ តាមរយៈ​ការ​ផ្តល់​ការងារ​ដល់​ពួកគេ​។ ប្រសិនបើ​យុវជន​ចេះ​ជំនាញ​សហគ្រិនភាព​ នោះ​យើង​នៅតែ​អាច​ទាញ​យក​បានផល​ចំណេញ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​ព្រោះ​ខណៈ​ពេល​ដែល​ម៉ាស៊ីន​កាន់តែ​ឆ្លាត​ មនុស្ស​ទូទៅ​កាន់តែ​ត្រូវ​បត់បែន​ សហគ្រិន​កាន់តែ​មានឱកាស​ខ្ពស់​ក្នុង​ការគ្រប់គ្រង​ ហើយ​ទាញ​យក​ប្រយោជន៍​ជា​វិជ្ជមាន​បាន​កាន់តែ​ល្អ​។ ហេតុនេះ​ប្រសិន​បើ​ក្មេង​ៗជំនាន់​ក្រោយ​មានចំណេះ​ដឹង​ល្អ​ផ្នែក​សហគ្រិនភាព​ នោះ​ពួកគេ​នឹង​ត្រៀមខ្លួន​បាន​ល្អ​ក្នុង​ការ​ទទួលយក​ភាព​វិជ្ជមាន​ ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ពីអ​នាគ​តនោះ​ទេ​។

លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “ក្នុង​របត់​ដែល​បច្ចេកវិទ្យា​កាន់តែ​សំខាន់​នេះ​ យុវជន​ចាំបាច់​ត្រូវ​តែ​ចេះ​បច្ចេកវិទ្យា​ ព្រោះ​ទន្ទឹម​នឹង​ម៉ាស៊ីន​អាច​ធ្វើការងារ​ជំនួស​អាជីព​មួយចំនួន​បាន​ ពិភពលោក​ក៏​ត្រូវការ​អ្នកគ្រប់គ្រង​ម៉ាស៊ីន​ទាំងអស់​នោះ​ច្រើន​ផង​ដែរ​ ហេតុនេះ​បើ​ចេះ​បច្ចេកវិទ្យា​ យើង​នៅតែ​ជា​មនុស្ស​ដែលគេ​ត្រូវការ​”។

លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​បន្ថែម​ទៀត​ថា​ ដោយ​មើល​ឃើញ​ពីសា​រៈសំ​ខាន់​នៃ​ចំណេះដឹង​មិន​អាច​ខ្វះ​បាន​ទាំងអស់​នេះ​ហើយ​ ទើប​យើង​បង្កើត​ឱ្យ​មាន​សាលា​ Leaderland​ English​ Academy​ ថ្មី​មួយទៀត​ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​សំ​ខាន់​ៗទាំងអស់​នៅកន្លែង​តែមួយ​ សម្រាប់​បណ្តុះបណ្តាល​យុវជន​ជំនាន់​ថ្មី​របស់​យើង​ឱ្យ​ក្លាយជា​មនុស្ស​ដែល​មានចំណេះ​ដឹង​ ជំនាញ​ និង​សក្តា​នុ​ពល​ខ្លាំង​ ឆ្លើយតប​ជាមួយនឹង​សម័យកាល​ថ្មី​។ យើង​បាន​បំពាក់​បច្ចេក​វិទ្យា​ទំនើប​ៗដូចជា​កម្ម​វី​ធី​ AR​ (argument​ reality​) ដែល​អាច​ឱ្យ​សិស្ស​កាន់តែ​យល់​ពី​មេរៀន​ ដោយ​គ្រាន់តែ​យក​ឧបករណ៍​អេឡិចត្រូនិក​ថតរូប​ភាព​ក្នុង​សៀវភៅ​ នោះ​នឹង​បង្ហាញ​ពី​ព័ត៌មាន​កាន់តែ​លម្អិត​ពី​ដំណើរការ​នៃ​មេរៀន​នោះ​ទាំងមូល​ រួម​ទាំង​ឧបករណ៍​ VR​ (virtual​ reality​)  ជាច្រើន​គ្រឿង​ ​ពី​ក្រុមហ៊ុន​ ​SilVRgrow​ ​TECHNOLOGY​ ​PTE​ ​LTD​ ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ​ឈានមុខ​គេ​ដែល​មាន​ឧបករណ៍​សម្រាប់​បច្ចេកវិទ្យា​ ​VR​ ​និង​ ​AR​ ​ដើម្បី​ឱ្យ​សិស្ស​ទទួល​បទ​ពិសោធ​ថ្មី​នៃ​ការអប់រំ​កាន់តែ​លម្អិត​ ទំនើប​ និង​ច្បាស់លាស់​​។ បន្ថែម​ពីលើ​នេះ​ យើង​ក៏​បង្កើត​កម្ម​វី​ធី​សិក្សា​ប្រកបដោយ​ភាព​យកចិត្ត​ទុកដាក់​ សំដៅ​ផ្តល់​សមត្ថភាព​ច្បាស់លាស់​លើ​ផ្នែក​ភាសា​ ភាពជា​អ្នកដឹកនាំ​ សហគ្រិនភាព​ និង​បច្ចេកវិទ្យា​។

សាលារៀន​ LEADERLAND​ English​ Academy​ មាន​ទីតាំង​ស្ថិតនៅ​ ផ្ទះលេខ​ 119A​ ផ្លូវ​លេខ​ 644​ សង្កាត់​ច្បារអំពៅ1​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។សាលា​ទទួល​បង្រៀន​សិស្ស​ចាប់ពី​អាយុ13ឆ្នាំ​ឡើង​ទៅ​ និង​ចាប់ផ្តើម​បើក​ទទួល​ចុះឈ្មោះ​សិស្ស​ ចាប់ពី​ថ្ងៃនេះ​ តទៅ​។ ចុះឈ្មោះ​ចាប់ពី​អំឡុង​ពេលនេះ​ រហូត​ដល់​ថ្ងៃទី31​ ខែកក្កដា​ នឹង​ទទួល​បានការ​ផ្តល់​ជូន​ប្រូ​ម៉ូ​សិន​ ពិសេស​ពីសា​លា​ផង​ដែរ​៕